ការស្វែងយល់ពី អារម្ភកថាជាអ្វី?

អារម្ភកថា ជាការសំដែងនូវសំដី ផ្ទាល់របស់អ្នកនិពន្ធ ទៅកាន់ អ្នកអាន។ អារម្ភកថា ផ្តល់ប្រយោជន៍ដល់អ្នកអានក្នុងការស្វែងយល់ពី គោលបំណង របស់អ្នកនិពន្ធក្នុងការសរសេរ អត្ថបទនោះឡើង ឬ អ្វីផ្សេងទៀត ដែល អ្នកនិពន្ធចង់បង្ហាញ ជាពិសេសសំរាប់អ្នកអាន។ នៅក្នុងអារម្ភកថា អាចជា ការសំដែង នូវអ្វីដែលអ្នកនិពន្ធនឹងបង្ហាញនៅក្នុង អត្ថបទ ឬ សៀវភៅរបស់គាត់ទាំងមូល ឬ អ្វីៗដែលអាចជាប្រយោជន៍ ដល់អ្នកអាន ដូចជា វិធីសាស្ត្រក្នុងការអានសៀវភៅរបស់គាត់ ឱ្យងាយយល់ជាដើម។ ដើម្បី ឱ្យកាន់តែច្បាស់ថែមទៀតនោះ ចូរពិនិត្យមើលអារម្ភកថា ដែលដកស្រង់ ចេញពីសៀវភៅភាសាខ្មែរថ្នាក់ទី១២ បោះពុម្ពឆ្នាំ២០០២ ដូចខាងក្រោមៈ
“សៀវភៅភាសាខ្មែរថ្នាក់ទី១២នេះ បន្តពង្រឹងសមត្ថភាពអាន និយាយ ស្តាប់ និង សរសេរឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បី ត្រៀមលក្ខណៈបន្តការសិក្សានៅមហាវិទ្យាល័យបន្ទាប់ពីបញ្ចប់មធ្យម សិក្សាទុតិយភូមិនេះទៅ។ សៀវភៅនេះ ជាឃ្លាំងផ្ទុកចំនេះដឹង គតិបណ្ឌិត និងសច្ចធម៌ល្អៗសំរាប់អ្នក។ មេរៀនដែលមាននៅក្នុងសៀវភៅនេះនឹងជួយ អ្នកឱ្យយល់កាន់តែច្បាស់ថែមទៀតអំពីអត្តសញ្ញាណជាតិ និង ទំនៀម ទំលាប់ប្រពៃណីខ្មែរយើង ហើយនិងជួយធ្វើឱ្យអ្នកមានការលូតលាស់ សតិបញ្ញា និងយល់ដឹងអំពីកាតព្វកិច្ចជាសមាជិកដ៏ល្អម្នាក់របស់គ្រួសារ សហគមន៍ និងប្រទេសជាតិ។ ”
នៅក្នុងកថាខណ្ឌទី១នេះ អ្នកនិពន្ធបាន លើកមកបង្ហាញនូវគោលបំណង ចំបងៗរបស់សៀវភៅភាសាខ្មែរថ្នាក់ទី១២ បោះពុម្ពឆ្នាំ២០០២។ យើងសង្កេតឃើញថា គោលបំណងរបស់សៀវភៅ ភាសាខ្មែរនេះផ្តោតជាសំខាន់ទៅដល់ អ្នកសិក្សាសៀវភៅនេះដោយបង្ហាញ ថាអ្នកអាននឹងទទួលបាននូវៈ
សមត្ថភាព អាន និយាយ ស្តាប់ និង សរសេរកាន់តែប្រសើរ
ចំនេះដឹង គតិបណ្ឌិត និង សច្ចធម៌ល្អ
យល់ពីអត្តសញ្ញាណជាតិ ទំនៀមទំលាប់ប្រពៃណីខ្មែរ និង អ្នក អានយល់ដឹងពីកាតព្វកិច្ចជាសមាជិកល្អម្នាក់ របស់គ្រួសារ សហគមន៍ និង ប្រទេសជាតិ។
តាមរយៈឧទាហរណ៍ ខាងលើនេះបញ្ជាក់ឱ្យឃើញថា សៀវភៅ ភាសាខ្មែរថ្នាក់ទី១២ ទាំងមូលមានបង្កប់នូវខ្លឹមសារបីចំណុចសំខាន់ខាងលើ ដូច្នេះ អ្នកប្រាកដជាយល់ដឹងបានថា បើអ្នកអានសៀវភៅភាសាខ្មែរនេះទៅ អ្នកនឹង ទទួលបាននូវចំនេះដឹងដូចដែល ចំណុចក្នុងអារម្ភកថាខាងលើនេះ បានលើកឡើង។
Post a Comment